Friday, November 11, 2022

មហាវីកថា មហាភារតៈ

អារម្ភកថារបស់អ្នកបកប្រែ 

          រឿង មហាភារតៈ បានទាក់ទាញអារម្មណ៍ខ្ញុំជាប់អស់ជាច្រើនឆ្នាំ។ ខ្ញុំបានស្វែងរកសៀវភៅនេះជិតម្ភៃឆ្នាំហើយ រហូតដល់សួរទៅអ្នកនៅប្រទេសបារាំង ក៏មិនលេចឮថា មានសេសសល់ឡើយ។  បន្ទាប់មក ខ្ញុំបានរក​​ឃើញ រឿង មហាភារតយុទ្ធ  ដែលលោកមហាពិទូរ ឈឹម ក្រសេម បានបកប្រែពីភាសាថៃ ចែកចេញជាពីរសៀវភៅ។ ប៉ុន្តែស្នាដៃនេះខ្លីហួសពេករហូតដល់បាត់ខ្លឹមសារសំខាន់ៗ ស្ទើរតែទាំងអស់ គឺនៅសល់​ តែដំណើររឿងប៉ុណ្ណោះ។ ក្រោយមក ស្នាដៃនេះក៏មានគេចម្លងលក់ជាសាធារណៈ។ ទោះបីជាយ៉ាងណាក្ដី ក៏យើងគួរចាត់ទុកថា សេចក្ដីព្យាយាមនេះក៏ជាការរួមចំណែកក្នុងការជួយថែរក្សាសម្បត្តិវប្បធម៌មួយនេះកុំឱ្យរលាយសាបសូន្យដែរ។

          ដូចខ្ញុំបានចារឹកនៅក្នុងអារម្ភកថានៃរឿង រាមាយណៈ រឿង មហាភារតៈ ត្រូវបាន កវីនិពន្ធឥណ្ឌាចងក្រងជាពាក្យកាព្យ មានចំនួនប្រាំម៉ឺនពីរពាន់ (៥២ ០០០) បទកំណាព្យ គឺអាចសន្មតថាជាវីរកថាវែងជាងគេបង្អស់នៅលើសកលលោក។ រឿងនេះកើតឡើង ក្រោយរឿង រាមាយណៈបន្តិច ហើយគេឃើញមានតួអង្គខ្លះក៏ជាតួអង្គនៅក្នុងរឿង រាមាយណៈ ដែរ ដូចជា បរាសុរាម, ប្ញសីនារទៈ, វិភេសន៍, ហនុមាន ជាដើម ឯតួអង្គទេព្តា ក៏ដូចគ្នាដែរ មានជាអាទិ៍គឺ ព្រះឥន្ទ្រ, ព្រះសិវៈ, ព្រះវិស្ណុ ជាដើម។ ឯឈ្មោះអាវុធនានាក៏ដូចគ្នាជាច្រើនដែរ។ ដូចរឿង រាមាយណៈ ដែរ នៅតាមជញ្ជាំងតួប្រាសាទអង្គរវត្ត គេតែងឃើញចម្លាក់ជាច្រើនស្តីពីរឿង មហាភារតៈ។ ដូច្នេះ ការសិក្សារឿង មហាភារតៈ គួរណាស់តែត្រូវខ្មែរយើងអនុវត្តឱ្យពេញល្បងឡើងវិញ ដើម្បីអាចឱ្យដឹងអំពីជម្រៅនិងខ្លឹមសារដ៏ទូលំទូលាយនៃវប្បធម៌-អារ្យធម៌ឥណ្ឌា-ខ្មែរ ពោល​គឺឱ្យខ្មែរអាចស្គាល់ អាចយល់ អាចដឹង ពីវប្បធម៌ដ៏មានតម្លៃរបស់ខ្លួន។ ពិសេសថែមទៀត គឺដើម្បីអាចឱ្យបកស្រាយបាននូវផ្ទាំងចម្លាក់នានានៅតាមជញ្ជាំងប្រាសាទ ឬផ្ទាំងគំនូរ។

          តាមការអះអាងនៅក្នុងផ្នែកខាងដើមនៃរឿង កវីនិពន្ធនៃវីរកថានេះគឺ ប្ញសីវ្យាសៈ ដែលបានហៅឱ្យព្រះគណេសកត់ត្រាតាមបែប សរសេរតាមសូត្រ”។  នៅក្នុងទស្សនវិជ្ជាព្រហ្មញ្ញសាសនា ព្រះគណេសជាទេព្តានៃកាព្យ។ ប៉ុន្តែឯកសារខ្លអះអាះងថា គឺព្រះគណេសជាអ្នកចងក្រងវីរកថានេះជាពាក្យកាព្យដោយខ្លួន​ ព្រះអង្គផ្ទាល់តែម្តង។

          បន្ទាប់ពីការប្រែសម្រួលរឿង រាមាយណៈ  ត្រូវបានទទួលការបោះពុម្ពផ្សព្វផ្សាយរួចហើយ ខ្ញុំក៏សម្រេចចិត្តថាត្រូវប្រែសម្រួលរឿង មហាភារតៈ នេះមួយទៀត។ ដំបូង ខ្ញុំមានការស្ទាក់ស្ទើរខ្លះដែរ ព្រោះខ្ញុំយល់ថា ជាការងារមួយដ៏ធំ ពិបាករកពេលវេលា ឯសុខភាពខ្ញុំក៏មិនបរិបូណ៌ផង ហើយសៀវភៅដើម ខ្នាតធំ ជាភាសាអង់គ្លេស មានដល់ទៅជាងប្រាំពីររយទំព័រ។ ប៉ុន្តែ ដោយសារការសរសេរការតែងនិពន្ធជាចំណែកមួយនៃការកម្សាន្តរបស់ខ្ញុំ ខ្ញុំក៏សម្រេចចិត្តបកប្រែរឿងនេះឡើងពីសៀវភៅដើមរបស់ លោកស្រី កមលា ​ សុព្រមន្យាំ (Kamla Subramaniam) ពីព្រោះខ្ញុំបានឃើញថា ស្នាដៃ របស់លោកស្រីមានលក្ខណៈទូលំទូលាយជាង​​   របស់លោក ច. រាជគោបាលចរិ  ទាំងមានការកំណត់នៅក្នុងសៀវភៅនោះថា លោកស្រីបានបកប្រែចេញពី​ច្បាប់​ដើមផង។

          គោលបំណងចម្បងនៃការប្រែសម្រួលមកជាភាសាខ្មែរនេះ គឺដើម្បីផ្សព្វផ្សាយឡើងវិញនូវស្នាដៃដ៏ល្អៗ របស់អ្នកប្រាជ្ញជំនាន់ដើម ដែលមានការយល់ដឹងខ្ពស់ និងមានបំណងអប់រំកូនចៅជំនាន់ក្រោយ ជាពិសេសអ្នកដឹកនាំគ្រប់ស្រទាប់វណ្ណៈ ឱ្យដើរតាមគន្លងធម៌ដើម្បីកសាងសង្គមឱ្យមានមានសន្តិភាព មានសុភមង្គល។ ម្យ៉ាងទៀត គឺខ្ញុំមានបំណងឱ្យ រឿងនេះកើតមានឡើងវិញនៅក្នុងសង្គមខែ្មរយើង ព្រោះថាតាំងពីបុរាណកាលមក គឺតាំងពីក្នុងសម័យរុងរឿងមុនអង្គរមក រឿងនេះក៏ជាផ្នែកមួយនៃអត្តសញ្ញាណជាតិផងដែរ។ ពិសេសជាងនេះ វីរកថានេះជាឧបករណ៍សម្រាប់បង្ហាញឱ្យឃើញនូវគុណសម្បត្តិដ៏ធំ និងចាំបាច់ដែលព្រះមហាក្សត្រិយ៍ ឬអ្នកដឹកនាំត្រូវប្រកាន់យកគឺ យុត្តិធម៌ ឬការប្រតិបត្តិ ត្រឹមត្រូវ ពេញដោយតម្លាភាព គ្មានលម្អៀង។ គេអាចសន្មតបានថា រឿង មហាភារតៈ ជាមេរៀននៃយុត្តិធម៌, ជាមហាសាគរនៃទ្រព្យសម្បត្តិ, ជាដំបូន្មានសម្រាប់ការដឹកនាំការដឹកនាំល្អ ជាចាំបាច់ត្រូវឈរលើយុត្តិធម៌។ ក្នុងរឿងនេះ យុធិស្ឋិរ​​ ជានិមិត្តរូបឬជាមនុស្សនីយកម្មនៃយុត្តិធម៌។

          យុត្តិធម៌ ជាប្រភពនៃសុភមង្គល, វឌ្ឍនភាព, សាមគ្គី, ព្រហ្មវិហារធម៌, កុសលកម្ម, សច្ចធម៌, សទ្ធាទាន, ៘ ផ្ទុយទៅវិញ អយុត្តិធម៌ ជាប្រភពនៃអពមង្គល, ការបែកបាក់គ្នា, អនាធិបតេយ្យ, ពុករលួយ, សំណូក, ចោរកម្ម, ទាសកម្ម, កូដកម្ម, ទុរ្ភិក្ស, ការកេងប្រវញ្ច,៘  ទេព្តាមិនចម្រើនពរឱ្យទេនៅទីណាមាន​អយុត្តិធម៌ គឺព្រះអង្គបណ្តាលឱ្យភ្លៀងធ្លាក់មិនស្មើ និងមិនត្រឹមត្រូវតាមរដូវ។  លើសពីនេះទៀត គឺមានការបង្ហាញអំពី​ទស្សនវិជ្ជាទាក់ទិននឹងក្រឹត្យក្រមនៃការរស់នៅក្នុងសង្គមគឺ សីលធម៌, សុជីវធម៌ ដូចជានៅក្នុងជំពូកស្តីពី ប្រស្នាយក្ស”, “ច្បាប់ព្រះវិទូរ” ជាដើម និងទស្សនវិជ្ជាដ៏ជ្រៅៗ ខ្លះទៀតដែលស្របគ្នានឹងពាក្យប្រៀនប្រដៅ របស់ព្រះសម្មាសម្ពុទ្ធ ដូចជានៅក្នុងជំពូកភគវ័ទគីត, “ច្បាប់ព្រះភីស្មៈជាដើម។

          នៅពេលដែលគេប្រមាថកាតទានព្រះនាងទ្រោបទីដោយអយុត្តិធម៌បំផុត ព្រះនាង មានព្រះសវនីយ៍ថា៖            

          មិនអាចមានសភាកើតទេ នៅទីណាគ្មានព្រឹទ្ធបុរសជាចាស់ទុំ គេមិនអាចទៅជាព្រឹទ្ធបុរសបានទេ​ កាលបើគេនិយាយមិនត្រឹមត្រូវ  ទីណាគ្មានសច្ចធម៌ ទីនោះគ្មានយុត្តិធម៌ទេ ហើយក៏គ្មានសច្ចធម៌ដែរ កាលណា​សច្ចធម៌ត្រូវភ្ជាប់ទៅនឹងការចចេសរឹងរូស”។

          នៅក្នុង ច្បាប់ព្រះវិទូរក៏ដូចគ្នាក្នុង ច្បាប់ព្រះភីស្មៈ”ដែរ លោកទូន្មានឱ្យចៀសវាងកុំសេពគប់មនុស្ស​ដែលចូលចិត្តប្រើពាក្យពោលសរសើរ ពីព្រោះពាក្យសរសើរច្រើន វាអាចទៅជាការនិយាយបញ្ជោរ វាសម្រាប់បម្រើឱ្យភាពខ្លៅ និងអវិជ្ជាប៉ុណ្ណោះ។ ផ្ទុយទៅវិញ យ៉ាងហោច ណាស់ក៏គេត្រូវលើកពាក្យទិតៀនឱ្យស្មើនឹងពាក្យពោលសរសើរដែរ។  ព្រះសម្មាសម្ពុទ្ធទ្រង់ទូន្មានថា ជួនកាល បុគ្គលអាចរងគ្រោះនឹងពាក្យពោលសរសើរ។      គឺការចាត់ទុកពាក្យទិតៀនឱ្យស្មើនឹងពាក្យពោលសរសើរនេះហើយដែលលោកហៅថា ឧបេក្ខាហើយដែលអ្នកប្រាជ្ញ និងអ្នកមានការអប់រំខ្ពស់ក្នុងលោកតែងទទួលស្គាល់ និងទទួលយក។

          នៅក្នុងច្បាប់នោះដែរ លោកទូន្មានថាមិនត្រូវស្វែងរកការទុកចិត្តពីគេឯងឡើយ។  នេះ បានសេចក្តីថា ត្រូវ​កសាងខ្លួនឱ្យទៅជាបុគ្គលដែលគេទុកចិត្តលើវិញ ហើយនេះក៏មិនមែនអ្វីក្រៅពីការប្រព្រឹត្តក្នុងយុត្តិធម៌នោះឡើយ។ ការនិយាយអួតអំពីខ្លួនឯង ឬអារម្មណ៍ជាអ្នកមានអំណួត, បុគ្គលនិយម, ការអាងអំណាច ជាគុណ​វិបត្តិបីយ៉ាងដែលគេត្រូវចៀសវាង ព្រោះវានាំឱ្យបាត់នូវភាពថ្លៃថ្នូរ បាត់សិរីសួស្តី ដូចព្រះចន្ទ្រក្នុងកាឡបក្ខ(រនោច) ដែរ។

          ការថែរក្សាសម្បត្តិធម្មជាតិក៏ជាករណីយកិច្ចដ៏ចម្បងមួយដែរ។

          នៅចុងបញ្ចប់គេអាចសិក្សាអំពីក្រឹត្យក្រមនៃការគ្រប់គ្រងប្រទេសដែលព្រះមហាក្សត្រ ឬអ្នកដឹកនាំនានាត្រូវតែយកជាគតិឱ្យជាប់នៅក្នុងសន្ដានចិត្តរបស់ខ្លួន និងប្រតិបត្តិ ឱ្យបាន គឺនៅជំពូក១១ ក្នុងកណ្ឌ ក្រោយ​ សង្គ្រាមដែលបរិយាយអំពី រាជធម៌។ ក្រៅពីការអប់រំផ្នែកសីលធម៌ រឿង មហាភារតៈ មានបង្កប់ន័យជាច្រើនដែលទាក់ទងនឹងចិត្តសាស្ត្របុគ្គល, ចិត្តសាស្ត្រសង្គម, ការដឹកនាំ, នយោបាយ, សេដ្ឋកិច្ច, ការទូត,

          គោលបំណងនៃអក្សរសាស្ត្រ ឬទស្សនវិជ្ជា ក៏ដូចគ្នានឹងគោលបំណងនៃសាសនានានាដែរ គឺធំនិងសំខាន់បំផុតតែងឈរលើការអប់រំមនុស្សគ្រប់ស្រទាប់សង្គម ឬគ្រប់វណ្ណៈ ឬគ្រប់បក្សពួកទាំងអស់ឱ្យរួមសាមគ្គី​គ្នានៅជុំវិញព្រះរាជបល្ល័ង្ក ស្មោះត្រង់ដាច់ខាតនឹងត្រៀមចាំជួយព្រះមហាក្សត្រនៅគ្រប់កាលៈទេសៈទាំងអស់។

          គោលបំណងជាចម្បង គឺការរកនិងការរក្សាសុភមង្គលជូនប្រជារាស្ត្រ។ មានតែសាមគ្គីធម៌ប៉ុណ្ណោះទេ ដែលអាចញ៉ាំងគោលដៅនេះឱ្យបានសម្រេច។  សាមគ្គីកើតឡើងពីសេចក្តីស្មោះត្រង់នឹងគ្ន។  សេចក្តីស្មោះត្រង់​នឹងគ្នាកើតចេញពីសច្ចធម៌។ គឺសច្ចធម៌នេះហើយដែលនាំឱ្យកើតឡើងនូវយុត្តិធម៌ ហើយយុត្តិធម៌ គឺជា ប្រភពឬថាជាមូលដ្ឋានធំបំផុតសៃភុមង្គល ព្រោះវាជាសេចក្តីសុខ ជាសេចក្តីចម្រើនរុងរឿង ជាកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់ព្រះមហាក្សត្រ ក៏ដូចជាអ្នកដឹកនាំគ្រប់ជាន់ថ្នាក់។  ព្រះមហាក្សត្រ និងអ្នកដឹកនាំបន្ទាប់ៗ ត្រូវតែជាមនុស្សប្រកបដោយគុណសម្បត្តិដ៏ល្អៗ គឺល្អខាងរូប ល្អខាងចិត្ត ល្អខាងវិជ្ជា និងល្អលើស​គេ គឺបញ្ញាវាងវៃ ហើយទាំងអស់នេះ ត្រូវឈរលើ យុត្តិធម៌ដែលជាគោលជំហរដ៏ចម្បង។ ក្បត់យុត្តិធម៌ គឺក្បត់អ្វីៗទាំងអស់។ នៅក្នុងរឿង រាមាយណៈ ប្ញសី វាល្មីកិ សរសេរថា៖

          “វិជ្ជារណបអំណាច គឺ អវិជ្ជា

          អំណាចអាចចែកចេញជាពីរយ៉ាង គឺអំណាចខាងក្នុង និង អំណាចខាងក្រៅ។ អំណាចខាងក្នុងបានដល់អំណាចដែលកើតពីឥន្ទ្រិយទាំងប្រាំ និងធម្មារម្មណ៍មួយទៀត ឯអំណាចខាងក្រៅ ឬអំណាចទីពីរ បានដល់

អំណាចដែលកើតមកពីមនុស្សទីពីរ។

          តាមរូបមន្តខាងលើនេះ យើងអាចបកស្រាយបានទៀតថា៖

          “បណ្ឌិតរណបអំណាច គឺ ពាល

          “យុត្តិធម៌រណបអំណាច គឺ អយុត្តិធម៌

          នៅក្នុង ច្បាប់ព្រះភីស្មៈមានការទូន្មានថា គេមិនត្រូវស្វែងរកការទុកចិត្តពីគេឯងទេ ហើយក៏មិនត្រូវ​សេពគប់មនុស្សដែលពោលសរសើរជារហូតដែរ។ ផ្ទុយទៅវិញ  ព្រះអង្គឱ្យចាត់ទុកការពោលទិតៀន និង ការពោលសរសើរ ថាមានតម្លៃស្មើគ្នា។ ដូច ព្រះសម្មាសម្ពុទ្ធទ្រង់អប់រំថា បុគ្គលអាចទទួលរងគ្រោះដោយសារពាក្យ

ពោលសរសើរ។ ការឱ្យតម្លៃស្មើគ្នាចំពោះពាក្យទិតៀន និងពាក្យពោលសរសើរជាផ្នែកមួយនៃឧបេក្ខា។

          រឿង មហាភារតៈ អប់រំមនុស្សឱ្យស្គាល់ថា ជីវិតតើដូចម្តេច តើជីវិតគួររស់នៅដូចូ ម្តេច (How life should be lived)។

          នៅក្នុងវីរកថានេះ គេអាចឃើញមានទស្សនវិជ្ជាដ៏សំខាន់ៗ ជាច្រើន មានន័យ ដូចគ្នានឹងគំនិតដែលមានចែងក្នុង ច្បាប់មនុ” (The Laws of Manu)។ គេអាច ពិចារណាឃើញន័យដ៏ជ្រាលជ្រៅនូវធម្មជាតិជុំវិញខ្លួនយើង ដូចជាព្រះអាទិត្យ, ព្រះចន្ទ្រ, ព្រះគង្គា, ផែនដី, មេឃ, ពពក, អាកាស, ៘  ដែលជួយទ្រទ្រង់ជីវិតយើង តាំងពីយើងចាប់កំណើតមករហូតដល់យើងលាចាកលោកនេះវិញ។ តើមនុស្សគ្រប់រូបត្រូវប្រព្រឹត្តដូចម្តេចខ្លះ ដើម្បីជាកិច្ចតបស្នងនូវឧបការគុណចំពោះព្រះធម្មជាតិទាំងនោះ។

          ម៉្យាងទៀត រឿង មហាភារតៈ ឱ្យតម្លៃយ៉ាងខ្ពស់ទៅលើព្រហ្មលិខិត ពោលគឺជីវិតសត្វលោកម្នាក់ៗ សុទ្ធតែ​ប្រព្រឹត្តទៅតាមការចារិកឱ្យមកនៃព្រហ្មលិខិត។  បើព្រហ្មលិខិតកំណត់មកយ៉ាងណាៗ គេត្រូវតែទទួលរងនូវល្បែងនៃព្រហ្មលិខិតនោះដោយចៀសមិនផុត ប្រហែលគ្នានឹងទស្សនៈកម្មផលនៅក្នុងព្រះពុទ្ធសាសនាដែរ។

          តាំងពីផុតពីសម័យកាលនៃសត្យយុគមក គំនិតអាត្មានិយមក៏ចាប់ចេញជាពន្លក រួចហើយរីកដុះដាលនៅក្នុងអារម្មណ៍របស់មនុស្ស ជាមូលហេតុនាំឱ្យកើតគំនិតថ្មីឡើង គឺការ រស់នៅជាសហគមន៍ ដែលតម្រូវឱ្យមានការរៀបចំ ការត្រួតត្រា ការគ្រប់គ្រង ដោយមាននីតិកម្មជាជំនួយផង។ ដូច្នេះ របបគ្រប់គ្រងដែលកើតឡើងថ្មីនេះ តម្រូវឱ្យមានព្រះមហាក្សត្រជាអ្នករ៉ាប់រងវិធានការ។  ទោះបីអំណាចទាំងអស់ត្រូវគេលើកថ្វាយចំពោះ  ព្រះមហាក្សត្រក៏ដោយ ប៉ុន្តែព្រះមហាក្សត្រក៏ត្រូវមានច្បាប់សម្រាប់គ្រប់គ្រងព្រះអង្គផ្ទាល់ដែរ ដែលគេអាចហៅបានថា ជាសុជីវធម៌ ឬអភិសមាចារ ដូចជា ព្រហ្មវិញារធម៌, ទសពិធរាជធម៌ ជាដើម។ ប៉ុន្តែអភិសមាចារនេះមិនមែនសម្រាប់តែព្រះមហាក្សត្រទេ គឺវាសម្រាប់ឱ្យអនុវត្តដោយគ្រប់មនុស្សទាំងអស់ ជាទូទៅ។

          យើងអាចសិក្សាបានពីការគ្រប់គ្រងប្រទេស  ដូចមានបរិយាយនៅក្នុងច្បាប់ព្រះវិទូរ និង ច្បាប់ព្រះភីស្មៈ។ បញ្ញត្តិក្នុងច្បាប់ទាំងនេះមិនខុសពីការអនុវត្តជាក់ស្តែង របស់សង្គមមនុស្សក្នុងសម័យទំនើបយើងនេះទេ។ កាតព្វកិច្ចធំមុនគេបង្អស់សម្រាប់ឱ្យមានការគ្រប់គ្រង គឺការរើសព្រះមហាក្សត្រឱ្យឡើងគ្រងរាជម្បត្តិ ឬជ្រើសរើស​អ្នកដឹកនាំកំពូលដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ ដូចបានពោលខាងលើ។ លើកលែងតែព្រះមហាក្សត្រ​​ ដែលអាចឡើងសោយរាជ្យក្នុងព្រះជន្មប៉ុន្មានក៏ដោយ  មន្ត្រីដែលព្រះមហាក្សត្រ​តែងតាំងឱ្យកាន់តំណែងធំៗ ត្រូវ​​មានអាយុពី ៥០ឆ្នាំឡើងទៅ ជាចាំបាច់ និង យ៉ាងដាច់ខាត។  ព្រះមហាក្សត្រមិនអាចបំពេញកិច្ចការរដ្ឋតែម្នាក់ព្រះអង្គបានទេ។  មន្ត្រីធំៗ ទាំងអស់គ្នាត្រូវមានករណីយកិច្ចនឹងត្រៀមខ្លួនចាំជួយព្រះមហាក្សត្រគ្រប់​ពេលវេលា និង គ្រប់កាលៈទេសៈទាំងអស់។

          ដូចបានពោលរួចមកហើយ ករណីយកិច្ចសំខាន់នៃការគ្រប់គ្រងគឺ ការស្វែងរកនិង ការរក្សាសុភមង្គលជូនប្រជារាស្ត្រ ក្រោមសម្បជញ្ញៈមួយថា មន្ត្រីធ្វើការដើម្បីបម្រើ រាស្ត្រ់ រាស្ត្រធ្វើការដើម្បីជាតិ។ ក្នុងន័យនេះនិងដើម្បីឱ្យបានសម្រេចទិសដៅនេះ កាតព្វកិច្ចដ៏ចម្បងរបស់ការគ្រប់គ្រងត្រូវចែកជាវិស័យធំៗ ដូចជា៖

          ១. ពន្ធដារ៖ ពន្ធដារជាប្រភពនៃឃ្លាំងទ្រព្យ និងជាអាហាររបស់ប្រទេសជាតិ។  ត្រូវឱ្យកសិករមានដីធ្វើ​ស្រែគ្រប់គ្រាន់និងគ្រប់ៗគ្នា ដើម្បីឱ្យគេមានប្រភពចំណូលសម្រាប់ ទ្រទ្រង់ជីវភាពដោយខ្លួនឯងផង ព្រមទាំងមានលទ្ធភាពបង់ពន្ធជូនរដ្ឋទៅតាមសមាមាត្រនៃ ចំណូលផង គឺ ១,៥ ជារៀងរាល់ឆ្នាំ។  បើចំណូលកាន់តែ​ច្រើនអត្រាពន្ធក៏ត្រូវតែឱ្យខ្ពស់ដែរ ប៉ុន្តែបើចំណូលតិចតួចពេកមិនធួនល្មមដល់សេចក្តីត្រូវការផ្ទាល់ខ្លួន រដ្ឋ​​   មិន​ត្រូវហូតពន្ធទេ ផ្ទុយទៅវិញ រដ្ឋមានភារកិច្ចនឹងជួយបំពេញសេចក្តីខ្វះខាតជូនពលរដ្ឋ។​

          ២. ប្រាក់ខែ៖ ត្រូវជូនប្រាក់ប្រចាំខែដល់មន្ត្រីរាជការឱ្យបានទៀងទាត់ និងឱ្យគ្រប់គ្រាន់ សម្រាប់សេចក្តីត្រូវការជាមូលដ្ឋាន (bare necessaries) ដោយគិតពីមន្ត្រី ថ្នាក់ទាបបំផុតជាមុន គឺការចំណាយលើការទ្រទ្រង់ជីវភាព សម្លៀកបំពាក់ សុខភាព ការ កម្សាន្ត និង លំនៅដ្ឋាន។ ជីវភាពត្រដាបត្រដួសជាប្រភពនៃអំពើពុករលួយ ការកេងប្រវញ្ច ចោរកម្ម ហិង្សា អវិជ្ជា ការបែកបាក់សាមគ្គី ការខ្វះសណ្តាប់ធ្នាប់ ៘

          ករណីយកិច្ចចម្បងទាំងពីរនេះត្រូវតែអនុវត្កឱ្យបានជាដាច់ខាត ដោយត្រូវយល់ថា ភាពឧត្តុង្គឧត្តមរបស់ប្រជារាស្ត្រជាភាពឧត្តុង្គរបស់ព្រះមហាក្សត្រ។ មិនអាចហៅថា ភាពឧត្តុង្គឧត្តមបានទេ បើភាពឧត្តុង្គឧត្តមត្រូវរុំព័ទ្ធដោយទុរ្ភិក្ស ឬដោយភាពដុនដាបរហេមរហាម ឬដោយទាសកម្ម ហើយនេះក៏មិនអាចឱ្យកើតសាមគ្គីបានដែរ។

          ៣. រាជធម៌៖ រាជធម៌ជាកត្តាកំណត់យ៉ាងធំទីមួយ សម្រាប់ឱ្យការគ្រប់គ្រងអាច ទទួលជោគជ័យ។ មុនគេនិងដើមដំបូងបង្គស់គឺ ព្រហ្មវិហារ។ ទោះបីមិនមានឯកទេស លើវិស័យនានាក៏ដោយ ព្រះមហាក្សត្រដែលមានហើយចេះផ្សព្វផ្សាយព្រហ្មវិហារធម៌លើប្រជារាស្ត្រ នឹងធ្វើឱ្យប្រជារាស្ត្រមានសុភមង្គល ធ្វើឱ្យប្រទេសស្គាល់សេចក្តីចម្រើនរុងរឿងជាប្រាកដ។ ព្រហ្មវិហារធម៌ជាប្រភពឱ្យកំណើតនិងឱ្យរីកសាយនូវសាមគ្គី និងប្រជាធិបតេយ្យ ហើយក៏ត្រូវតែជាសម្បត្តិរបស់មនុស្សគ្រប់រូប ដោយមិនមានការលើកលែងឡើយ។ ព្រះមហាក្សត្រជាទ្រពស្យម្បត្តិរបស់ប្រជារាស្រ្តព្រះអង្គមិនត្រូវមានគំនិត ជាបុគ្គលនិយមសម្រាប់ខ្លួនព្រះអង្គផ្ទាល់ឡើយ។​

ចំពោះប្រជារាស្ត្រ ព្រះមហាក្សត្រ  គឺជាទេព្តា  ប៉ុន្តែចំពោះព្រះមហាក្សត្រវិញ ប្រជារាស្ត្រជាតំណាងនៃទេព្តា។

ករណីយ កិច្ចរបស់ព្រះមហាក្សត្រ គឺការគ្រប់គ្រងប្រជារាស្ត្រព្រះអង្គឱ្យបានប្រកបដោយសេចក្តីសុខនិងសេចក្តី

ចម្រើន។ ធ្វើខុសពីនេះ ព្រះមហាក្សត្រមិនអាចកើតមានបានឡើយ។ នេះជាខុទ្ទកភាសិតរបស់ព្រះភីស្មៈ។

          ៤.មន្ត្រី៖  ព្រះមហាក្សត្រជាអ្នកតែងតាំងមន្ត្រីផ្ទាល់ព្រះអង្គឱ្យកាន់ការសំខាន់ៗ ក្នុងនោះគឺ មានវណ្ណៈព្រាហ្មណ៍ ៤ រូប, វណ្ណៈក្សតិយិ៍ ៨ រូប, វណ្ណៈវេស្យៈ ២១ រូប, វណ្ណៈសូទ្រៈ ២ រូប និងវណ្ណៈសូតៈ១ រូប ហៅថារាជមន្ត្រី(រដ្ឋមន្ត្រី) ដែលសុទ្ធតែត្រូវជាអ្នកចេះចាំនូវពួកគម្ពីរវេទ និងច្បាប់ក្បួននានាទាក់ទិននឹងព្រះរាជាណាចក្រ។ មន្ត្រីទាំង អស់ត្រូវកាន់អាកប្បកិរិយាថ្លៃថ្នូរ ប្រើសម្តីគួរសមទៅមករកគ្នា។

          រឿង មហាភារតៈ សង្កត់ន័យធ្ងន់ម៉្យាងទៀតលើការមិនក្បត់សម្តី ឬការមិនក្បត់ពាក្យសន្យា។  គឺសេចក្តី​ស្មោះត្រង់នឹងគ្នានេះហើយដែលញ៉ាំងសាមគ្គីឱ្យស្ថិតនៅរឹងមាំជារៀងរហូត។   តួអង្គសំខាន់ៗ ដូចជា ភីស្មៈ,     រធិយា,  អរជូន,  ក្រឹស្ណា, ​ ទុរយោធន៍ ជាដើម សុទ្ធតែជាគំរូដ៏ជាក់ស្តែង និងរស់រវើក នៃសេចក្តីស្មោះត្រង់ចំពោះករណីយកិច្ចនិងចំពោះ សត្យសញ្ញារបស់ខ្លួន។

          ដោយឡែក ទស្សនវិជ្ជាក្នុងជំពូក ភគវ័ទ-គីត ជាវិជ្ជាដ៏សំខាន់មួយដែលទាក់ទាញអារម្មណ៍របស់វិញ្ញូជន​ជាច្រើនក្នុងលោក។  ជារួម ទស្សនវិជ្ជាដ៏សែនសំខាន់ៗទាំងអស់មានន័យស្រដៀងគ្នា ឬដូចគ្នា នឹងទស្សនវិជ្ជារបស់ព្រះសម្មាសម្ពុទ្ធ និងទស្សនៈរបស់អ្នកប្រាជ្ញនានានៅលើសកលលោក ជាពិសេស អ្នកប្រាជ្ញចិន និងអ្នកប្រាជ្ញអឺរ៉ុប។  បើនិយាយដោយខ្លីទៅ  គឺអ្វីៗនៅក្នុងលោក គេឃើញមានទាំងអស់នៅក្នុងរឿង មហាភារតៈ ដោយឡែក នៅប្រទសឥណ្ឌា។

          រឿង មហាភារតៈ មិនមែនត្រឹមតែជាវីរកថា ដែលនិទានអំពី វីរបុរស, វីរនារី និងទេព្ដាមួយចំនួនប៉ុណ្ណោះទេ តែវាជាផែ្នកមួយនៃអក្សរសាស្ត្រ ដែលបង្កប់នូវខ្លឹមសារដ៏សំខាន់ៗ រាប់មិនអស់។ ហេតុនេះហើយទើបបានជាវីរកថាព្រហ្មញ្ញទាំងពីរគឺ រឿង រាមាយណៈ (រាមកេរ្តិ) និង រឿង មហាភារតៈ បានក្លាយទៅជារឿងដ៏មានប្រជាប្រិយបំផុតនៅក្នុងសង្គមខ្មែរយើង ក៏ដូចជានៅនានាប្រទេសដែរ។ កាលពីសម័យដើម ប្រជារាស្ត្រខ្មែរយើងតែងសិក្សារឿងទាំងពីរនេះដោយចាត់ទុកថាជារឿងពិសិដ្ឋផង។  ព្រះមហាក្សត្រខ្មែរតម្រូវឱ្យពួកមន្ត្រី និងពួកអាចារ្យទន្ទេញរឿង មហាភារតៈ ដើម្បីសូត្រចែកគ្នាស្តាប់យកជាគតិផង និងជាការកម្សាន្តផងក្នុងពេលធ្វើបុណ្យ ឬក្នុងពិធីសំខាន់ៗ ថ្នាក់ជាតិ។ ក្រោយមក រឿង មហាភារតៈ ចេះតែសាបរលាបទៅ ប្រហែលជាដោយសារ​​រឿងនេះវែងពេក តួអង្គច្រើនពេក ពិបាកចាំ ទស្សនវិជ្ជាផ្នែកវិញ្ញាណនិងចិត្តបង្កប់ន័យសែនជ្រៅៗ ដែលអាចឱ្យគេពិបាកយល់។ នៅសល់តែរឿង រាមាយណៈ ប៉ុណ្ណោះ ដែលជាកម្មវត្ថុនៃការសិក្សាអក្សរសាស្ត្ររហូតដល់ដើមទសវត្សរ៍១៩៧០។

          ពេលនេះដែលរឿង រាមាយណៈ បានរស់ឡើងវិញហើយ ខ្ញុំយល់ថា ការសិក្សាអំពីរឿង មហាភារតៈក៏គួរណាស់តែឱ្យរស់រានឡើងវិញដែរ ឱ្យដូចកាលក្នុងសម័យរុងរឿង។ ដោយគិតឃើញដូច្នេះហើយ ទើបបានជាខ្ញុំខិតខំប្រែសម្រួលវីរកថានេះឡើង។ នេះជាការប្រែសម្រួលរឿងទាំងស្រុងពីសៀវភៅមួយដ៏ធំ ដោយមានការធ្វើឃ្លាប្រយោគក្នុងភាសាខ្មែរធម្មតាដែលងាយយល់ ងាយចាប់សេចក្ដី។  ការបកប្រែដោយប្រើពាក្យចំៗ (literal translation) មិនអាចឱ្យពីរោះស្ដាប់ និងជួនកាលអាចនាំឱ្យន័យឃ្លាតឆ្ងាយពីន័យត្រឹមត្រូវផង។ ឯសេចក្ដី  ដែលមាននៅក្នុងទស្សនវិជ្ជាផ្នែកចិត្តសាស្ត្រ  ផែ្នកវិពា្ញណា និង ព្រលឹង ក៏ឃើញថាពុំមានអ្វីពិបាកដែរ គឺខ្ញុំរកពាក្យមកតម្រូវជាមួយនឹងន័យក្នុងភាសា អង់គ្លេស ដូចជា bondage = ចំណង់; attachment = ឧបាទាន; desire = តណ្ហា; anger = កំហឹង; fury = ការខឹងច្រឡោត់; lust = កាមុច្ឆា(កាមតណ្ហា); covetousness = អភិជ្ឈា; emancipation = ការរួចរដោះ;  renunciation = ការលះបង់ ជាដើម។ ទោះជាយ៉ាងណាក៏គេត្រូវយល់ថាពាក្យទាំងនេះមិនមែនមានន័យត្រូវគ្នាចំៗ ទេ គឺវាគ្រាន់តែប្រហាក់ប្រហែលប៉ុណ្ណោះ។ អ្នកខ្លះយល់ថា តណ្ហាគឺ attachment; ទាន អ្នក ខ្លះថា offer; អ្នកខ្លះថា gift; ឯក្នុងសៀវភៅដែលសរសេរដោយអ្នកនិពន្ធថៃ គេ ថា buy-off ប៉ុន្តែពាក្យខាងក្រោយនេះមិនឃើញមាននៅក្នុងវចនានុក្រមអង់គ្លេសទេ។ សូម្បីតែពាក្យ កម៌ ឬ កម្មក៏គេមិនអាចរកពាក្យអង់គ្លេសមកដាក់ឱ្យចំន័យរបសពា់ក្យ នេះបានដែរ ពីព្រោះពាក្យ កម្មមានន័យថា អំពើដែលគេធ្វើ និងផលនៃអំពើនោះ ដែលត្រូវធ្លាក់មកលើអ្នកធ្វើដោយមិនអាចគេចរួច” (Action done by a doer and the result which inevitably falls on its doer) ហើយផលល្អក្តី អាក្រក់ក្តី អាស្រ័យ លើអំពើនោះ គឺប្រហែលគ្នានឹងសុភាសិតបារាំងថា “Qui sème le vent récolte la tempête” ឬក៏ប្រហែលគ្នានឹងខុទ្ទកភាសិតនៃព្រះសម្មាសម្ពុទ្ធថា យាទិសំ វប្បតេពិជំ តាទិសំ លភតេផលំ កល្យាណការី កល្យាណំ បាបការី ច បាបកំ” (ប្រែថា ជនណា សាបព្រោះនូវពូជដំណាំអ្វី ជននោះត្រូវទទួលនូវផលដំណាំនោះ  ជនណាធ្វើអំពើល្អ តែងបានទទួលនូវសេចក្តីសុខ  ជនណាធ្វើអំពើអាក្រក់ តែងបានទទួលនូវសេចក្តីទុក្ខ)។ នេះឯងដែលខ្មែរយើងហៅថាកម្ម។ ម៉្លោះហើយគេត្រូវតែយកពាក្យនេះមកប្រើតែម្តង ដោយសរសេរតាមសំនៀងជាភាសាសំស្ក្រឹត “karma”។  បើមិនទាន់យល់ ឬក៏យល់ មិនទាន់ច្បាស់ត្រង់ណាមួយ លោកអ្នកអានអាចសាកសួរវិញ្ញូជន ឬអ្នកប្រាជ្ញខាងទស្សនវិជ្ជាផ្នែកព្រះពុទ្ធសាសនាថែមទៀត ដើម្បីឱ្យយល់បានកាន់តែច្បាស់លាស់។

          ក្នុងការធ្វើឃ្លា ឬប្រយោគ មានការលំបាកខ្លះដែលតម្រូវឱ្យមានការប្រើឈ្មោះ​ ដដែលៗពីរឬបីដងក្នុងប្រយោគតែមួយ និងនៅក្នុងប្រយោគបន្ទាប់ៗ ដោយឡែកគឺពាក្យ ព្រះអង្គដែលគេអាចប្រើក្នុងបឋមបុរសផង និងមជ្ឈិមបុរសផង។ ខ្ញុំប្រើពាក្យនេះ ដោយប្រយ័ត្នប្រយែងបំផុតដើម្បីចៀសវាងការច្រឡំន័យគ្នា(equivocal) គឺមិនដឹងថាតើ វាជំនួសបុគ្គលណាមួយឱ្យប្រាកដ នៅក្នុងប្រយោគតែមួយ។ កាលបើមានជួបករណីនេះ សព្វនាម “ព្រះអង្គ ត្រូវតែចៀសវាង ដោយប្រើព្រះនាមចំៗវិញ មិនថាប្រយោគនោះ ខ្លីឬវែងទេ ប៉ុន្តែប្រយោគវែងមានការលំបាកជាង ដែលត្រូវតែប្រយ័ត្នប្រយែង។

          ម៉្យាងទៀត ចំពោះការប្រើពាក្យពេចន៍ មានការតម្រូវឱ្យអ្នកសិក្សាចេះរាជសព្ទ ផងដែរ។ រាជសព្ទជាចំណែកមួយដ៏សំខាន់នៃវប្បធម៌និងអារ្យធម៌ខ្មែរ។ ការប្រើរាជសព្ទជាការចាំបាច់ដោយចៀសមិនផុត ពីព្រោះនៅក្នុងសង្គមខ្មែរយើង យើងតែងឱ្យតម្លៃ ចំពោះព្រះមហាក្សត្រិយ៍, អ្នកដែលមានបណ្តាសក្តិធំ, ជនជាទីសក្ការៈ (ពួកសន្តបុគ្គល),  បិតាមាតា,  អ្នកជារៀមច្បង ហើយតែងប្រើពាក្យពេចន៍គួរសម ខ្ពស់ទាប ទៅតាមឋានានុក្រម និងឋានៈទាំងនោះ។

          មានឈ្មោះរបស់តួអង្គខ្លះ ខ្ញុំសរសេរខុសពីអក្ខរាវិរុទ្ធរបស់លោកឧកញ៉ាមហាពិទូរ្យ ឈឹម ក្រសេម គឺខ្ញុំរក្សាអក្ខរាវិរុទ្ធដើម ដូចជា បាណ្ឌវៈ, ឥន្ទ្រប្រ័ស្ថ ដែលលោក ឈឹម ក្រសេម សរសេរជា បាណ្ឌព, ឥន្ទបត្ត។ ឯព្រះនាម ក្រឹស្ណា ខ្ញុំសរសេរដូច្នេះ ព្រោះខ្មែរយើងធ្លាប់តែអានដោយមានស្រៈអា ឯប្រជាជនឥណ្ឌាក៏អានដូច្នេះដែរ។​ តាមពិត គេត្រូវសរសេរជា ក្រឹស្ណៈ ឬ ក្រឹស្ណទើបត្រឹមត្រូវតាមសព្ទដើម។ ឈ្មោះខ្លះទៀតក៏យើងអាចសរសេរបានពីរបែបដែរ ដើម្បីបង្រួញពាក្យ ឬសម្រួលការអាន មានដូចជា ភីមសេនា ឬភីមសេន,  វប្ញសសេនា ឬ វប្ញសសេន, ធោមីយៈ ជា ធោមីយ៍, ទុរយោធនៈ ជា ទុរយោធន៍, ៘  ប៉ុន្តែនេះមិនមែនជាករណីសំខាន់ណាស់ណាទេ។ អំពីព្រះវង្សរបស់ព្រះបាទសាន្ត នៅក្នុងសៀវភៅរបស់លោក ឈឹម ក្រសេម លោក អះអាងថាព្រះបាទ​សាន្តនុជាព្រះសុណិសារបស់ព្រះបាទទុស្យន្តៈ។  ចំពោះចំណុចនេះ ខ្ញុំស្រាវជ្រាវរកមិនឃើញសោះ ទាំងក្នុង​សៀវភៅរបស់លោកស្រីកមលា ក៏ដូចជារបស់ លោករាជគោបាលចារិ និងវចនានុក្រមទេវកថាហិណ្ឌូដែរ។ យើងគ្រាន់តែដឹងថា បិតា ព្រះអង្គព្រះនាមប្រទីប។ រីឯព្រះបាទទុស្យន្តៈវិញ ទ្រង់មានមហេសីព្រះនាមសកុន្តលា ,  ជាបុត្រីរបស់ឥសីវិស្វាមិត្រជាមួយទេពអប្សរមួយអង្គព្រះនាមមីនកា និងទ្រង់មានព្រះ រាជបុត្រមួយអង្គព្រះនាមភារតៈ ដែលក្រោយមក គេយកព្រះនាមនេះមកដាក់ជាឈ្មោះនៃប្រទេសឥណ្ឌារហូតដល់សព្វថ្ងៃនេះ ដោយ​អានតាមភាសាឥណ្ឌាឮប្រហាក់ប្រហែលថា ភរ៉័ត។ បើយោងតាមសន្តតិវង្សរបស់ព្រះអង្គ (ព្រះចន្ទ្រវង្ស) ព្រះបាទទុស្យន្តៈជា បុព្វបិតារបស់ព្រះបាទសាន្តនុ មែន តែមិនមែនជាព្រះបិតាឬព្រះអយ្យកោបង្កើតទេ។

          រឿងវីរកថាក  រឿងប្រលោមលោក រឿងនិទានវែងឬខ្លីក្ដី សុទ្ធតែអាចចាត់ទុក ជា “សូត្របានទាំងអស់​ ព្រោះសុទ្ធតែមានបំណងនឹងបណ្ដុះបណ្ដាលចំណេះវិជ្ជា ប្រាជ្ញា សេចក្ដីឈ្លាសវៃ និងជាពិសេស គឺអប់រំមនុស្សគ្រប់ស្រទាប់វណ្ណៈឱ្យប្រព្រឹត្តអំពើល្អ ឱ្យ ស្នេហាយុត្តិធម៌ សច្ចធម៌។ គឺគុណសម្បត្តិចម្បងទាំងពីរនេះហើយដែលធ្វើឱ្យអ្នកដឹកនាំ អាចទៅជាបុគ្គលឧត្ដុង្គឧត្ដមបាន។ ជាបនែ្ថមទៅលើនេះ រឿង មហាភារតៈឱ្យតៃម្លខ្ពស់ ណាស់ទៅលើពាក្យសន្យា។  ការកាន់ពាក្យសន្យាជាការនាំមកនូវកិត្តិយស។  ការមិនកាន់ពាក្យសន្យារបស់ខ្លួនធ្វើឱ្យមនុស្សអស់តម្លៃ និងបាត់បង់នូវសេចក្ដីគោរព។

          រឿង មហាភារតៈបង្ហាញឱ្យឃើញពីមហាសង្គ្រាមរវាងយុត្តិធម៌ និងអយុត្តិធម៌ដែលនៅក្នុងនោះយុត្តិធម៌ត្រូវបានទទួលមនុស្សនីយកម្មដោយយុធិស្ឋរិ និងអយុត្តិធម៌ដោយ ទុរយោធន៍។ ទុរយោធន៍ជាព្រះរាជបុត្ររបស់ព្រះបាទធប្ញតរាស្ត្រ មហាក្សត្រិយ៍ខ្វាក់ព្រះនេត្រ។ មូលហេតុនៃសង្គ្រាម គឺការច្រណែនឈ្នានីសរបស់ទុរយោធន៍និងព្រះអនុជទាំងអស់ លើចំណេះវិជ្ជារបស់យុធិស្ឋិរនិងព្រះអនុជ ព្រោះយុធិស្ឋិរនិងអនុជរៀនពូកែជាង មានព្រះកាយពលខ្លាំងជាង  ហើយសេចក្ដីខ្វាក់ព្រះនេត្រចង់ផ្គាប់ព្រះទ័យបុត្រហួសពេក។   នេះជាមូលហេតុនៃការ

ក្បត់យុត្តិធម៌និងក្បត់ពាក្យសន្យា។ ក្នុងរឿងនេះ វីរបុរសដែលសំខាន់ជាងគេគឺអរជូន និងក្រឹស្ណា។

          នៅក្នុងសង្គមខ្មែរ ព្រះមហាក្សត្រិយ៍បានសន្មតយកងារអរជូនដាក់ជូនអភិបាល ខេត្តកំពង់ចាម ដែល​កាលពីដើមមានឈ្មោះថាខេត្តត្បូងឃ្មុំ។ លុះក្រោយមកទៀត ងារ អរជូនត្រូវបន្ថែមដោយពាក្យ “ចាប់បានទៅជា “អរជូនចាប់បានបន្ទាប់ពីចៅហ្វាយខេត្តត្បូងឃ្មុំចាប់បាននាយកន (មន្ត្រីជ្រែករាជ្យ) រួចកាត់កយកក្បាល​ដាក់ក្នុងជាលទៅថ្វាយព្រះមហាក្សត្រ ព្រះចន្ទ្ររាជា តែក្រោយមកក៏នៅត្រឹម អរជូនដដែលវិញ។

          ពេលខ្លះ ព្រះរាជាខ្មែរសម័យបុរាណហៅឈ្មោះព្រះរាជាណាចក្រកម្ពុជាថា កុរុរដ្ឋ និងរាជធានីថា ឥន្ទបត្ត កាលណាព្រះអង្គទ្រង់ព្រះលិខិតជាផ្លូវការទៅមហាក្សត្រិយ៍នៃប្រទេសជិតខាង ដោយចាប់ផ្តើមថា៖ យើង ព្រះចៅក្រុងកម្ពុជាធិបតី សិរីសោធរ បវរឥន្ទបត្ត កុរុរដ្ឋរាជធានី បុរីរម្យឧត្តមនិវេសន៍វិសេសមហាឋាន,

             សូមចម្រើនផ្លូវព្រះរាជមេត្រីចំពោះ .......

 

          ការអានរឿង មហាភារតៈ ក៏ដូចការមើលឬអានរឿង រាមាយាណៈ (រាមកេរ្តិ៍) ដែរ គួរតែប្រព្រឹត្តឡើងដោយហ្មត់ចត់ជាទីបំផុត គឺគេមិនត្រូវអានឬមើលដោយគ្រាន់តែឱ្យដឹងត្រឹមតែដំណើររឿងឬសាច់រឿងប៉ុណ្ណោះទេ។ គេត្រូវពិនិត្យដោយយកចិត្តទុកដាក់បំផុតទៅលើន័យរបស់ពាក្យពេចន៍ ឃ្លោងឃ្លានិងប្រយោគទាំងអស់ ហើយចាប់ខ្លឹមសារសំខាន់ៗឱ្យបាន។ ការផ្សំគ្នារវាងតថភាព ទេវកថា និងអច្ឆរិយៈ មិនមែនត្រឹមតែដើម្បី បម្រើការកម្សាន្តប៉ុណ្ណោះទេ បុំន្តែសំខាន់បំផុតគឺដើម្បីបម្រើការអប់រំ។ បើគេអានរឿង នេះកាន់តែច្រើនដងទៅ គេក៏នឹងអាចឃើញខ្លឹមសាររបស់រឿងកាន់តែសំខាន់ឡើងៗដែរ ដូចពាក្យលោកថា អានសៀវភៅមួយដប់ដងប្រសើរជាងអានសៀវភៅម្តងដប់។  សៀវភៅល្អៗ គឺជាគ្រូល្អៗ សម្រាប់មនុស្សគ្រប់រូប។

          ខ្ញុំខិតខំរក្សាភាសានិងប្រយោគឱ្យនៅជាភាសាខ្មែរសុទ្ធ ដែលប្រជារាស្ត្រខ្មែរគ្រប់រូប ទាំងចាស់ទាំងក្មេង​ ទាំងអ្នកមានបណ្តាសក្តិខ្ពស់ទាប ធ្លាប់ប្រើជារហូតមក។ ចំណែក ឯអក្ខរាវិរុទ្ធរបស់ពាក្យក៏ខ្ញុំខំផ្ទៀងផ្ទាត់ឱ្យត្រឹមត្រូវតាមវចនានុក្រមខ្មែរ ដែលមានសម្តេច ព្រះសង្ឃរាជ ជួន ណាត ទ្រង់បានដឹកនាំឱ្យធ្វើនោះដែរ។ ប៉ុន្តែប្រហែលជាអាចមានកំហុសដោយអចេតនាខ្លះៗមិនលែងឡើយ។ នៅក្នុងផ្ទៃរឿងដ៏វែងអន្លាយនេះ លោកអ្នក

អាននិងអ្នកស្រាវជ្រាវឬសិក្សាពីភាសាខ្មែរប្រាកដជាអាចប្រទះសំនួនវោហារសព្ទខ្មែរជា ច្រើន និងដោយឡែក គឺនិបាតសព្ទដែលមានជាច្រើនឥតគណនានៅក្នុងភាសាយើង។ គួរយល់ថា ភាសាខ្មែរដែលពីរោះដល់ត្រចៀករបស់ខ្មែរ គឺអាស្រ័យទៅលើការរណ្តំណែងណងរបស់ពាក្យ ទាំងពាក្យរាយ ក៏ដូចជាពាក្យចងក្រងទៅជាប្រយោគ ការបន្ថែមពាក្យ ផ្សេងៗ ដែលខ្មែរយើងហៅថា បរិវារសព្ទនិងកាប្រើនិបាតសព្ទ ដើម្បីកុំឱ្យពាក្យ ឬឃ្លា ឬប្រយោគ ឮហាក់ដូចជាកំបុតៗ ថ្វីបើនិបាតសព្ទខ្លះគេអាចដកចេញបានក៏ដោយ។

          ចំពោះទស្សនវិជ្ជាផ្នែកសីលធម៌ (Morale Ethics)  នៅក្នុងរឿង មហាភារតៈ ខ្ញុំបានដកស្រង់សង្ខេប

ហើយចងជាកាព្យដាក់ក្នុងសៀវភៅដោយឡែកមួយ មានចំណង ជើងថា ទស្សនវិជ្ជានៃអភិសមាចារ”  ដែលនៅក្នុងនោះ ក្រៅពីច្បាប់ពាក្យស្លោក មាន ច្បាប់ព្រះធម្មៈ”, “ច្បាប់ព្រះវិទូរ”, “ច្បាប់ព្រះក្រឹស្ណា ឬ ភគវ័ទ-​   គីតា”, “ច្បាប់ព្រះ ភីស្មៈ”, ច្បាប់ព្រះរាជាខ្មែរដែលបរិយាយពីព្រហ្មវិហារធម៌ ទសពិធរាជធម៌ ហើយជាការ បន្ថែមលើអត្ថបទកាព្យទាំងអស់នេះ ខ្ញុំបានបញ្ចូលទេវកថាស្តីពី យុគដែលមានការបកស្រាយនៅក្នុងរឿង​ មហាភារតៈដែរ ត្រង់ជំពូក ១១, ក្នុងកណ្ឌ ក្រោយសង្គ្រាម។

          អត្ថបទកាព្យចុងក្រោយបង្អស់ ខ្ញុំបញ្ចូលទេវកថាមួយទៀត ដែលមានប្រជាប្រិយ ជាទីបំផុតនៅក្នុងសង្គមខ្មែរយើង តាំងពីបុរាណកាលរៀងរាបដរាបមកដល់បច្ចុប្បន្ន ហើយ ក៏មានប្រជាប្រិយជាសាកលផងដែរ ក្នុងចំណោមវិញ្ញូជននៃប្រទេសធំៗជាច្រើន។ ទេវ កថានេះគឺ រឿង កូរសមុទ្រទឹកដោះ។ នៅតាមជញ្ជាំងប្រាសាទនានា គេតែងឃើញ ចម្លាក់ស្តីពីរឿងនេះ មិនសូវខ្វះទេ។ វិចីត្រករផ្ទាំងគំនូរអាចសិក្សាកាព្យនេះដើម្បីគូររូបឱ្យបានត្រឹមត្រូវ ដូចមានជាចម្លាក់ជាគំរូស្រាប់។

          ខ្ញុំបានចំណាយពេលទំនេរនិងពេលឈប់សម្រាក ដើម្បីបំពេញការងារនេះរហូត បានចប់សព្វគ្រប់នៅដំណាច់ខែឧសភា ឆ្នាំ ២០០៦ គឺនៅក្នុងកាលដែលខ្ញុំបំញេបេសកកម្មការទូតក្នុងឆ្នាំ ២០០៤-២០០៧ ក្នុងនាទីជាអគ្គទីប្រឹក្សានៃស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសហព័ន្ធរុស្ស៊ី។ ស្នាដៃទាំងអស់ដែលខ្ញុំធ្វើបានសម្រេចកន្លងមកគឺអាស្រ័យ ដោយមានការលើកទឹកចិត្ត ការផ្តល់សម្គារៈ និងជំនួយជាថវិកាខ្លះរបស់អ្នកមានសទ្ធា។

          ខ្ញុំសង្ឃឹមថា រឿង មហាភារតៈ នេះនឹងបានរស់រានមានជីវិតជារហូតឡើងវិញ និង បានទៅជាឧបករណ៍មួយសម្រាប់ការកម្សាន្តអារម្មណ៍ផង សម្រាប់ការដកស្រង់ខ្លមឹសារសំខាន់ៗផង ដើម្បីជាប្រយោជន៍នៃការបង្កើនចំណេះទូទៅផង និងជាមេរៀនសម្រាប់ ឱ្យអ្នកដឹកនាំគ្រប់រូបឈ្វេងយល់ យកជាគតិ និងប្រតិបត្តិតាមផង។

    

                                                          ក្រុងម៉ូស្គូ ថ្ងៃ ៥រោច ខែអាសាឍ ឆ្នាំច អដ្ឋស័ក ព. ស. ២៥៥៣

                                                                          ត្រូវនឹងថ្ងៃទី ១៥ ខែកក្កដា គ. ស. ២០០៦

                                                                                    អ្នកប្រែសម្រួលនិងរៀបរៀង

                                    

                                                                         ធន់  ហ៊ិន   

                                                                                    ​       ​​​​                          



 

មហាវីកថា មហាភារតៈ

អារម្ភកថារបស់អ្នកបកប្រែ             រឿង មហាភារតៈ បានទាក់ទាញអារម្មណ៍ខ្ញុំជាប់អស់ជាច្រើនឆ្នាំ។ ខ្ញុំបានស្វែងរកសៀវភៅនេះជិតម្ភៃឆ្នាំហើយ រហូតដ...