លោក រីម គីន ជាអ្នកនិពន្ធដ៏ល្បីល្បាញមួយរូបក្នុងសម័យអក្សរសាស្ត្រសម័យទំនើបនៃសតវត្សទី២០។ លោក រីម គីម មានស្រុកកំណើតនៅក្រុងភ្នំពេញ ក្នុងសង្កាត់លេខ៤។ លោកកើតនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ១៩១១ បិតានាម គីម មាតានាម រសា ដែលជាគ្រួសារសាមញ្ញមួយ ដោយបិតាលោកធ្វើជាភ្នាក់ងារត្រួតត្រាការក្នុងក្រុមសាធារណការ ដែលមាននាទីដើរត្រួតត្រាមើលការងារកម្មករធ្វើផ្លូវពីស្រុកមួយទៅស្រុកមួយពីកន្លែងមួយទៅកន្លែងមួយ ពុំសូវទៀងទាត់ទីកន្លែងឡើយ។ ដោយសារលោកឪពុកលោកមានភារៈនាំគ្រួសារទៅប្រកបមុខងារនៅតាមស្រុកភូមិជាច្រើនដូច្នេះហើយ បានជាពីកុមារអ្នកនិពន្ធ រីម គីនបានជួបប្រសព្វនឹងជីវភាពអ្នកស្រុកស្រែចំការជាច្រើនកនែ្លង។ ជួនកាលឪពុកលោកពុំនៅ លោកនៅកម្សត់តពីរនាក់នឹងម្តាយតាមស្រុកភូមិនានានោះឬនៅនឹងផ្ទះកំណើតនាក្រុងភ្នំពេញដែលជាហេតុនាំឱ្យលោកកើតបាននូវមនោសញ្ចេតនា ស្រឡាញ់យ៉ាងលើសលប់ ព្រមទាំងជាប់ចិត្តនិងជីវភាពអ្នកស្រែ ចម្ការតាំងពីកុមារតូចមក។
ថ្ងៃមួយមានការប្រយុទ្ធនឹងពួកចោរប្លន់ ជាអកុសលលោក គីម ជាបិតាបានទទួលមរណភាពនៅក្នុងភូមិកំពង់កន្ទួត គឺពេលដែលកុមារ រីម គីន ទើបតែអាយុបាន៧ឆ្នាំ។ ដូចនេះហើយ កុមារនេះ ត្រូវរស់នៅកម្សត់តែពីរនាក់នឹងម្តាយនៅទីក្រុងភ្នំពេញប៉ុន្តែមិនលំបាកប៉ុន្មានទេ ព្រោះមានប្រាក់និវត្តន៍ពីខ្មោចឪពុកនិងមាតាលោកមាន ចំណេះខាងហោរាសាស្ត្រដែលមានអ្នកស្រុកអ្នកភូមិឡើងចុះជាញឹកញាប់។
លោកមានបងប្អូនច្រើននាក់ដែរ ប៉ុន្តែជាម្តាយទីទៃ ព្រោះលោក គីមជាឪពុកលោកមានប្រពន្ធរួចម្តងហើយ មុននឹងមកភពប្រសព្វនឹងលោកស្រី រសាជាម្តាយលោកនេះ។
ក្នុងវ័យកុមារ លោកបានរៀនអក្សរខ្មែរក្នុងសំណាក់ព្រះភិក្ខុមួយអង្គព្រះនាមអាចារ្យ សាំង ដែលត្រូវជាបងជីដូនមួយ ញាតិខាងម្តាយ គង់នៅវត្តស្វាយដង្គុំ សង្កាត់លេខ ៣ ក្រុងភ្នំពេញ។ កុមារ រីម គីន យកចិត្តទុកដាក់គោរពប្រណិប័តន៍បម្រើព្រះសង្ឃ ពុំដែលមានឃ្នើសឡើយ។ មានការបោសច្រាសសម្អាតកុដិ សាលា ព្រះវិហារនិងដងទឹកដាំទឹកក្តៅជាដើម។ កាលនោះ កុមារ រីម គីនជាប់ចិត្តបណ្តុះនិស្ស័យក្នុងអក្សរសាស្ត្រជាតិច្រើនណាស់ ព្រោះលោកធ្លាប់ឮ គេរៀនអានសាស្ត្រារឿង សាស្ត្រច្បាប់ក្នុងអក្សរសាស្ត្រខ្មែររៀងរាល់ថ្ងៃរហូតដល់បានស្តាប់ បានឃើញ ភិក្ខុ សាមណេររៀនអត្ថបាលី ក្នុងសំណាក់លោកគ្រូអាចារ្យសាំង ជាមា នោះផង។ ក្រោយមក កុមារនេះ បានចូលសិក្សានៅសាលាកុមារីព្រះនរោត្តម រួចមកសាលា«ឌូដាក៍ដឺឡាគ្រេ / Doudard de Lagrée» (ក្រោយមកប្តូរឈ្មោះជាសាលាព្រះអង្គអេង) រហូតដល់ប្រឡងជាប់វិញ្ញាបនបត្របឋមសិក្សាបារាំង-ឥណ្ឌូចិន(Certificat d' Etude primaire franco Indochinois)។ បន្ទាប់មក នៅគ.ស.១៩២៨ លោកបានចូលរៀនក្នុងអនុវិទ្យាល័យព្រះស៊ីសុវត្ថិដែលស្ថិតនៅត្រង់មន្ទីរពេទ្យព្រះកេតុមាលា។
ក្រោយដែលលោកប្រឡងសញ្ញាប័ត្រមធ្យមសិក្សាហើយ ហើយបានចូលបំពេញវិជ្ជាគរុកោសល្យទៀត លោកចេញទៅធ្វើជាគ្រូបង្រៀនដែលកាលនោះ រាជការចាត់តាំងលោកទៅបង្រៀននៅឯខេត្តបាត់ដំបង។ នៅពេលនោះហើយដែលអ្នកនិពន្ធ រីម គីន បានឈានចូលស៊ប់ក្នុងជីវភាព ព្រមជាមួយការដុះដាលឡើងនូវចិត្តស្នេហា ដែលជាធាតុដើមនាំឱ្យមានការផ្ដួចផ្ដើមគំនិតរបស់លោកក្នុងកិច្ចនិពន្ធរឿងរ៉ាវ។
មួយឆ្នាំតមក នៅក្នុងគ.ស.១៩៣៥ លោកបានផ្លាស់ត្រឡប់មកការនៅក្រុងភ្នំពេញវិញ ដោយទទួលមុខងារជាអនុរក្សនៅអនុវិទ្យាល័យព្រះស៊ីសុវត្ថិ(Collége Preah Sisowath)និងនៅគ្រានោះទៀត ដែលលោកបានរៀបអាពាហ៍ពិពាហ៍ជាមួយកញ្ញា ស្រ៊ិន ស៊ិន ហៅ ស្រ៊ិន ស៊ីមន ដែលជាកូនស្រីរបស់លោកចៅក្រម យិត ស្រ៊ិន។
ដល់មក គ.ស.១៩៣៩ លោកបានទៅបង្រៀននៅសាលាបឋមសិក្សាចាក់អង្រែ(ក្រោយមកប្ដូរជាសាលាចៅពញាហុក) ហើយក្រោយមក លោកបង្រៀននៅសាលាឧបសម្ព័ន្ធគរុវិជ្ជា(Annexe Normale)ដែលក្រោយនោះ លោកបានប្រឡងជាប់ជាគូ្របង្រៀន(Instituteur)ពេញយស ដោយរាជការបានតម្រូវឱ្យលោកបង្រៀននៅសាលាមធ្យមសិក្សា គឺនៅ«សាលាគរុវិជ្ជា / École Normale» តាំងពីគ.ស.១៩៤៧មក ក្នុងឋានៈជាសាស្ដ្រាចារ្យខាងភាសាជាតិរហូតដល់ពេលសាលានេះ បានប្រែក្លាយជាវិជ្ជាឋានជាតិគរុកោសល្យ(INP)។
ក្រៅពីការបង្រៀនសាលារាជការ លោក រីម គីន ឆ្លៀតពេលទៅបង្រៀននៅសាលាឯកជនខ្លះទៀតដើម្បីជួយបំប៉នវិជ្ជាភាសាជាតិឱ្យជ្រួតជ្រាបដល់យុវសិស្សខ្មែរទូទៅ។ ពេលទំនេរបន្តិចបន្តួចក្រៅពីពេលកែវិញ្ញាសារបស់សិស្ស លោកឆ្លៀតសរសេររឿងជាពាក្យរាយ សរសេរកាព្យ សរសេរសៀវភៅសម្រាប់សិស្សរៀននិងប្រែរឿងខ្លះដែលល្អៗពីភាសាបរទេស។ ហេតុនេះហើយ បានជាគេស្គាល់លោកច្រើនគ្នាដោយកិត្តិយស ក្នុងការសរសេរនេះ ដ្បិតរឿងខ្លះបោះពុម្ពទៅក៏ទទួលការនិយមសន្ធឹកសន្ធាប់ពីអ្នកអាន និងរឿងខ្លះទៀតយកទៅសម្ដែងជាសិល្បៈ ក៏ទទួលបានជោគជ័យដូចជាជោគជ័យក្នុងការប្រឡងប្រជែងរាត្រីសិល្បៈនៅចំពោះព្រះភក្ត្រនៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ដែលព្រះអង្គទ្រង់ប្រោសព្រះរាជទានគ្រឿងឥស្សរិយយស(Médailles) ដល់អ្នកនិពន្ធនេះ ជារឿយៗផង។
នៅគ.ស.១៩៥៥ គ្រាដែលអ្នកនិពន្ធខ្មែរបានរួបរួមគ្នាបង្កើតសមាគមអ្នកនិពន្ធខ្មែរ (Association des Écrivains Khmers, AEK) ឡើង លោក រីម គីន បានទទួលការទុកចិត្តពីអ្នកនិពន្ធទាំងអស់តែងតាំង លោកធ្វើជាប្រធាននសមាគមនេះអស់រយៈពីរឆ្នាំ។
លុះមកដល់ខែតុលា គ.ស.១៩៥៨ លោកមានរោគឈឺក្នុងក្បាលមកញាំញីលោក អស់ពេលជាង៣ខែជំងឺនេះពុំព្រមស្រាកស្រាន្តសោះទោះបីគ្រួសារលោកខិតខំថែទាំប្រកបឱសថយ៉ាងណាក៏ដោយ។
ដល់មកថ្ងៃអង្គារទី២៧ ខែមករា គ.ស.១៩៥៩ មច្ចុរាជក៏ប្រហារផ្តាច់ផ្ដិលយកជីវិតលោកទៅក្នុងពេលរៀបអធ្រាត្រម៉ោង១១ បណ្តាលឱ្យមានការសោកស្តាយនៃក្រុមគ្រួសារនិងសហសេវិកជាអ្នកនិពន្ធទាំងអស់ រួមទាំងបណ្ដាជនទូទៅដែលជាអ្នកស្នេហាអក្សរសាស្ត្រផង។ ពិធីបុណ្យឈាបនកិច្ចនសពនេះ បានរៀបចំឡើងយ៉ាងឧឡារិក កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ១៩៥៩ នៅឈាបនដ្ឋាន វត្តឧណ្ណាលោម ក្រោមកិច្ចឧបត្ថម្ភនៃក្រសួងសិក្សាធិការជាតិ(Ministère de l'éducation nationale)និងសមាគមអ្នកនិពន្ធខ្មែរ(Association des Écrivains Khmers, AEK)ដែលកាលនោះ មានលោករដ្ឋលេខាធិការក្រសួងសិក្សាធិការជាតិ(Secrétaire d'Etat, Ministère de l'Education Nationale) តំណាងនៃសម្ដេចព្រះឧបយុវរាជ បានអញ្ជើញទៅបំពាក់គ្រឿងឥស្សរិយយសដល់សពអ្នកនិពន្ធនេះ ជាបច្ឆាមរណនាមផង។
ក្រោយដែលអ្នកនិពន្ធ រីន គីន ទទួលមរណភាពទៅ គេរើរកឃើញស្នាដៃ លោកដែលបានសរសេរហើយស្រេច មានខ្លះក៏បោះពុម្ពចេញផ្សាយ ហើយនិងខ្លះទៀត ពុំទាន់បានបោះនៅឡើយទាំងអស់ជិត២០រឿង។
សព្វថ្ងៃនេះ កូនស្រីលោក រីម គីនឈ្មោះ គីន សុម៉ាលី រស់នៅប្រទេសបារាំង។ លោក រីម គីនជាបងថ្លៃរបស់អ្នកស្រី ពេជ្រ សល់ (ស្រ៊ិន សារិះយ៉ាន់)ដែលជាអ្នកនិពន្ធនិងនាយិកានៃក្រុមជំនុំទំនៀមទម្លាប់ខ្មែរ(Directeur du bureau des douanes)នៃវិជ្ជាឋានពុទ្ធសាសនបណ្ឌិត្យ(Institute bouddhiste) ព្រោះអ្នកស្រីជាប្អូនរបស់អ្នកស្រី ស្រ៊ិន ស៊ិនហៅស៊ីមនដែលជាភរិយាលោក រីម គីន។ សព្វថ្ងៃនេះរាល់ស្នាដៃជាភាសាខ្មែររបស់លោកទាំងអស់ត្រូវបានក្រុមគ្រួសារប្រគល់មកឱ្យគណៈកម្មការស្រាវជ្រាវ ពិនិត្យស្នាដៃ បកប្រែនិងបោះពុម្ពផ្សាយនៃសមាគមអ្នកនិពន្ធរក្សានិងស្រាវជ្រាវបន្ត។
លោក រឹម គិន ជាអ្នកនិពន្ធល្បីល្បាញមួយរូបនៅចុងសម័យអាណានិគមនិយមបារាំងនិងដើមសម័យសង្គមរាស្ដ្រនិយម។ លោកជាអ្នកនិពន្ធម្នាក់ដែលមានស្នាដៃច្រើនជាងគេក្នុងចំណោមអ្នកនិពន្ធរួមជំនាន់។ ស្នាដៃលោកមានច្រើនប្រភេទមានទាំងប្រលោមលោកពាក្យកាព្យ អត្ថបទល្ខោននិយាយ ប្រលោមលោក រឿងខ្លី និងសិក្សាកថា។ ស្នាដៃទាំងនោះ ខ្លះក៏បានបោះពុម្ពហើយនិងខ្លះទៀតមិនទាន់បានបោះពុម្ពនៅឡើយ។ ស្នាដៃទាំងនោះ មានដូចជា៖
-សូផាត ប្រលោមលោក ភ្នំពេញ ឆ្នាំ១៩៤១ (ស្នាដៃនេះ លោកបានតាត់តែងឡើងនៅឆ្នាំ១៩៣៨ តែរហូតមកដល់ឆ្នាំ១៩៤១ ទើបបានបោះពុម្ពផ្សាយ)។
-ក្លាហាន ប្រលោមលោក ភ្នំពេញ ឆ្នាំ១៩៤៩
-មើលព្រះចន្រ្ទា ប្រលោមលោក ភ្នំពេញ ឆ្នាំ១៩៥២
-សុមាភាវី ប្រលោមលោក ភ្នំពេញ ឆ្នាំ១៩៥២
-ទឹងមមឹង ប្រលោមលោក ភ្នំពេញ ឆ្នាំ១៩៥៣
-នាងរតននារី ប្រលោមលោកពាក្យកាព្យ ភ្នំពេញ ឆ្នាំ១៩៥៤
-ឈាមរត់រកឈាម ប្រលោមលោក ភ្នំពេញ ឆ្នាំ១៩៥៥
-សេនាកំសត់ ប្រលោមលោក ភ្នំពេញ ឆ្នាំ១៩៥៥
-មើលចន្ទ្រា ប្រលោមលោក ឆ្នាំ១៩៥២ (ផ្សាយក្នុងទស្សនាវដ្ដីរាត្រីថ្ងៃសៅរ៍)
-មើលចន្ទ្រា ប្រលោមលោក ឆ្នាំ១៩៥២ (ផ្សាយក្នុងទស្សនាវដ្ដីរាត្រីថ្ងៃសៅរ៍)
-នាងសមាភាវី ប្រលោមលោក ឆ្នាំ១៩៥២ (ផ្សាយក្នុងទស្សនាវដ្ដីរាត្រីថ្ងៃសៅរ៍)
ចំពោះរឿងនេះ នៅឆ្នាំ២០១០ ត្រូវបានផ្សាយឡើងវិញជាសៀវភៅដោយបណ្ណាល័យកម្ពុជា។
-ថីម៉ៅ រឿងខ្លី (ចុះផ្សាយក្នុងទស្សនាវដ្ដីរាត្រីថ្ងៃសៅរ៍)
-ប្រច័ណ្ឌ រឿងខ្លី (ចុះផ្សាយក្នុងទស្សនាវដ្ដីរាត្រីថ្ងៃសៅរ៍)
-សាមណី រឿងខ្លី ចុះផ្សាយក្នុងទស្សនាវឌ្ឍនធម៌ ឆ្នាំទី១ លេខ៣
ប្រចាំខែតុលា ឆ្នាំ១៩៥២ ទំព័រទី១៦-២០។
-ជំទាវយូរ រឿងខ្លី ចុះផ្សាយក្នុងទស្សនាវដ្ដីមិត្តសាលាបាលី ឆ្នាំទី១
ប្រចាំខែឧសភា លេខ៥ ព.ស.២៤៩២ គ.ស. ១៩៥០ ទំព័រទី១៨៨-១៩៣។
-រៀនមើលពន្យល សិក្សាកថា ភ្នំពេញ ឆ្នាំ១៩៥៤
-ចរិយាសាស្ដ្រនិងលោកនីតិ សិក្សាកថា ភ្នំពេញ ឆ្នាំ១៩៥៤
២.២. ស្នាដៃបោះពុម្ពហើយ៖
-ចៅបាយក្ដាំង បែបរឿងព្រេង ឆ្នាំ១៩៣២
-មនុស្សកំណាញ់ បែបរឿងព្រេង ឆ្នាំ១៩៣២
-ឱ្យស្គាល់ ពាក្យកាព្យ ឆ្នាំ១៩៣២
-រឿងខ្ញុំ ពាក្យកាព្យ ឆ្នាំ១៩៣២
-កូនអ្នកកាប់ឧស ពាក្យកាព្យ ឆ្នាំ១៩៣៤
-មនុស្សគមទាំង៤ រឿងល្ខោន ឆ្នាំ១៩៣៧
-ចោរគួចេតនា រឿងល្ខោន ឆ្នាំ១៩៣៧
-កុដុម្ពីក៍មន្រ្ដីកិត្តិយស រឿងល្ខោន ឆ្នាំ១៩៤៤
-ថ្លាងធ្លុះធ្លាយ រឿងល្ខោន ឆ្នាំ១៩៤៤
-ក្បាលទំពែក រឿងល្ខោន ឆ្នាំ១៩៤៥
-កំឡោះអាយុ៥០ឆ្នាំ រឿងល្ខោន ឆ្នាំ១៩៤៥
-គុនវុឌ្ឍី រឿងល្ខោន ឆ្នាំ១៩៤៦
-វិស្សមកាល រឿងល្ខោន ឆ្នាំ១៩៤៦
-លួចស្រឡាញ់លួចកើតទុក្ខ រឿងល្ខោន ឆ្នាំ១៩៤៨
-ព្រះកុមារ រឿងល្ខោន ឆ្នាំ១៩៥០
-ឡឺស៊ីត ប្រលោមលោកបកប្រែ ប្រែសម្រួលពីប្រលោមលោក«Le Cid»
របស់លោក ព្យែរ គ័រណីយ៍ និពន្ធនៅឆ្នាំ១៦៣៦។
-គ្មានគ្រួសារ រឿងប្រែ ឆ្នាំ១៩៥១
ចំពោះឈ្មោះលោក រីម គីននេះ យើងសង្កេតឃើញថា មានសំណេរពីរខុសគ្នាបន្ដិច។ ដោយឯកសារខ្លះសរសេរថា«រឹម គិន» ហើយឯកសារខ្លះទៀត សរសេរថា«រីម គីន»។ ទស្សនាវដ្ដីមិត្តសាលាបាលី ឆ្នាំទី២ មករា លេខ១ ព.ស.២៤៩៣ គ.ស.១៩៥១ ទំព័រទី៤០ សរសេរថា«រឹម គិន» តែសម្រាប់«ជីវប្រវត្តិលោក រីម គីន»របស់លោក លី ធាមតេងដែលចុះក្នុងរឿងសូផាត ទំព័រទី១ សរសេរថា«រីម គីន»។ មកដល់សម័យបច្ចុប្បន្ន ភាគច្រើននៃអ្នកស្រាវជ្រាវបានយកសំណេរ«រីម គីន»មកប្រើ មិនឃើញមានអ្នកនិពន្ធណាប្រើ«រឹម គិន»ទេ។
#រៀបរៀងអត្ថបទដោយលោកគ្រូ ស៊ុយ វ៉ាន់សាក់ (សមាជិកគណៈកម្មការពិនិត្យស្នាដៃ បកប្រែនិងបោះពុម្ពផ្សាយនៃ ស.អ.ខ)



No comments:
Post a Comment